យុវតី ជិន ស្រីអយុធ្យា ចេះសរសេរអក្សរខ្មែរបុរាណ ៣សម័យកាល


ដោយ៖ វណ្ណា (ជិន​ អយុធ្យា, អក្សរបុរាណ, ជីវព័ត៌មាន)​

ភ្នំពេញ៖ ក្រៅពីមានជំនាញ​គំនូរបុរាណ យុវតី ជិន ស្រីអយុធ្យា​ ចេះសរសេរអក្សរបុរាណខ្មែរដល់ទៅ ៣សម័យកាល គឺ សម័យមុនអង្គរ សម័យអង្គរ និងក្រោយអង្គរ។ យុវតីវ័យ ១៨ឆ្នាំរូបនេះ កំពុងបន្តការសិក្សា​ ផ្នែករចនាក្រាហ្វិក នៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោយបញ្ចប់ថ្នាក់គំនូរបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ។ ​ ជាវិចិត្រករគំនូរ​បុ​​រាណ ដ៏មានទេពកោសល្យម្នាក់ ​យុវតីសម្បុរស្រអែមរូបនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ក្រោយ​នាង​បានផ្សព្វផ្សាយ​ស្នាដៃ​គំនូរបុរាណ ខ្មុកស្មាច់ និងអក្សរបុរាណ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ការគាំទ្រដ៏ច្រើននេះ បានជំរុញឲ្យ​អយុធ្យា​ កាន់តែខិតខំឈ្វេងយល់ និងវឹកហាត់សរសេរអក្សរបុរាណ​ និងកំពុងចែក​​រំលែកចំណេះដឹងនេះជាបន្តបន្ទាប់ដល់​យុវជនជំនាន់ក្រោយទៀតផង។


មានយុវជនខ្មែរវ័យក្មេងមិនច្រើនឡើយ ដែលអាចអាន និងសរសេរអក្សរខ្មែរបុរាណបាន។ យុវតី ជិន ស្រីអយុធ្យា ​ចេះសរសេរអក្សរបុរាណដល់ទៅ ៣សម័យកាល គឺសម័យមុនអង្គរ សម័យ​​អង្គរ និងក្រោយអង្គរ។ មិនមែនជា​សិស្ស​និស្សិត​ជំនាញអក្សរសាស្ត្រខ្មែរ ប៉ុន្តែ យុវតី ស្រី​អយុធ្យា ​វ័យ១៨ឆ្នាំ គឺជាវិចិត្រករ​គំនូរ​បុរាណដ៏ចំណានម្នាក់។ បច្ចុប្បន្ន នាងកំពុងបន្តកា​រ​សិក្សាផ្នែ​ក​រចនា​ក្រាហ្វិក នៅសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្សៈ។
មានអាកប្បកិរិយាសុភាព ស្ងប់ស្ងាត់ ស្រីអយុធ្យា ដែលមានឪ​ពុក​ជា​សិល្បករ និង​ជា​អ្នក​ដឹក​ភាពយន្តផង រៀបរាប់ប្រាប់​សារព័ត៌មាន​ថ្មីៗ២៥ថា ការ​សរ​សេរ​អក្សរ​ខ្មែរ មានក្បាច់ និងម៉ូដ របស់ខ្លួនស្រដៀង​នឹងអក្សរបុរាណខ្មែរនោះទេ។ យុវតី ជិន ស្រីអយុ​ធ្យា ​លើកឡើង​ដូច្នេះថា​៖«​កាល​ឆ្នាំ២០១៧ ខ្ញុំរៀននៅសាលាធម្យម អ្នកគ្រូ​ហៅ​មេរៀន​លឿន​ពេក ហើយខ្ញុំកត់មិន​ទាន់​ទេ។ ពេលហ្នឹ ងខ្ញុំសរសេរអក្សមានក្បាច់ និងម៉ូដ​ហើយ​​​ខ្ញុំថត​ផុស​លើ​បណ្ដាញសង្គម មានការ​សរសើរ និងចែករំលែកច្រើន។ ខ្ញុំឆ្ងល់ ក៏ទៅ​សួរ​សិស្ស​ច្បង អក្សរ​ខ្ញុំ​ហ្នឹងបែបណា បានជា​មាន​ការ​ចាប់អារម្មណ៍ច្រើន? សិស្សច្បងខ្ញុំ និយាយ​ថា អក្សរប្អូនឯង ដូច​អក្សរសម័យបុរាណ និង​កណ្ដាល​»។​

វិវឌ្ឍន៍ពីការសរសេរអក្សរលេង និងផ្សព្វផ្សាយតាមបណ្តាញសង្គម រហូតអាចសរសេរអក្សរ​ខ្មែរ​​បុរាណបានចាប់ពីសតវត្សរ៍ទី៦ ដល់ទីសតវត្សរ៍ទី១៣ ​ យុវតីស្រអែមស្រស់រូបនេះ ​ ពន្យល់​ថា​នាង​ព្យា​យាមសិក្សាអក្សរបុរាណ ព្រោះ​ចង់​បំផុស​ស្មារតី​យុវជន​ខ្មែរ​​ជំនាន់ក្រោយ ឲ្យ​ស្រ​ឡាញ់​​អក្សរ​ខ្មែរ ដ្បិតនាងបានឃើញយុវវជនជាច្រើន សរសេរពាក្យខ្មែរមិនត្រឹមត្រូវ។​ «គោលបំណង​របស់​ខ្ញុំ គឺចង់យកអ្វីដែល បុរាណចាស់ពីមុន មកបំផុស​ឲ្យ​យើង​ទាំងអស់គ្នា បានស្គាល់។ ខ្ញុំចូលចិត្ត​ចែករំលែក។ ប្រសិនបើនរណាម្នាក់ចង់ដឹង ចង់រៀន​ពី​ការ​សរសេរអក្សរ ខ្ញុំអាចប្រាប់ និ​ង​បង្រៀនគាត់បាន»។  យុវតី ជិន ស្រីអយុធ្យា អះអាងដូច្នេះ។

ចេះសរសរអក្សរបុរាណនៅលើក្រដាស ឬផ្ទាំងគំនូរហើយ ស្រីអយុធ្យា មានបំណង​រៀន​សូត្រ​បន្ថែម​ពីអក្សរបុរាណ​ និងរបៀបសរសេរលើស្លឹករឹតបន្ថែមទៀត ព្រោះនាងចង់ ​ចារអក្សរ​របស់​ខ្លួន​នៅលើស្លឹករឹត។ ទន្ទឹមនឹងបំណងនេះ ​យុវតី ជិន ស្រីអយុធ្យា ក៏ស្នើ​ឲ្យ​ក្រសួងវប្បធម៌ និង​វិ​ចិត្រ​​សិល្បៈ គ្រឹះ​ស្ថាន​សិក្សា​របស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ​ដាក់បង្ហាញប្រភេទ​អក្សរ​បុរាណ ​ដើម្បី​​ឲ្យ​​សិស្សានុសិស្ស​បាន​​ស្គា​ល់ និងយល់ពីអក្សរបុរាណខ្មែរ ដែលដូនតា​បាន​​បន្សលល់​ទុក​​៕

Comments