ដោយ៖ សែម វណ្ណា (ជីវព័ត៌មាន)
ភ្នំពេញ៖ យុវតីពហុជំនាញសិល្បៈ ជិន អយុធ្យា បានបញ្ចប់ថ្នាក់គំនូរបុរាណរយៈពេល៥ឆ្នាំ នៅសាលា សិល្បៈសូនរូប នៃសាលាមធ្យមវិចិត្រសិល្បៈ។ យុវតីវ័យ១៨ឆ្នាំរូបនេះ មានឈាមជ័រជាអ្នកសិល្បៈស្រាប់ ដោយឳពុករបស់កញ្ញា អយុធ្យា គឺជាសិល្បករ និងជាអ្នកដឹកភាពយន្ត ហើយលោកឳពុក គឺជាអ្នកគាំទ្រ ឲ្យអយុធ្យាចាប់យកជំនាញសិល្បៈគំនូរបុរាណនេះ។ ដ្បិតថា នៅសាកលវិទ្យាល័យ មិនមានថ្នាក់បរិញ្ញាបត្រ ជំនាញសិល្បៈគំនូរបុរាណ យុវតី អយុធ្យា ក៏បានសម្រេចជ្រើសរើសជំនាញ រចនាក្រាហ្វិច នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
បទពិសោធការងាររយៈពេលជាង ៣ឆ្នាំផ្នែកគំនូរបុរាណ កញ្ញា ជិន អយុធ្យា ធ្លាប់ស្ម័គ្រចិត្តគូរគំនូរ នៅតាមជញ្ជាំងព្រះវិហារខ្ពស់ៗ និងវត្តអារាមនានាតាមបណ្ដាខេត្តមួយចំនួនផងដែរ។ ការងារជាវិចិត្រករ គំនូរបុរាណវ័យក្មេង បានធ្វើឲ្យកញ្ញា អយុធ្យា ឃ្លាតឆ្ងាយពីផ្ទះ និងគ្រួសារ ព្រមទាំងអាចប្រឈមនឹង គ្រោះថ្នាក់ជាយថាហេតុ ដ្បិតការងារនេះត្រូវគូរលើជញ្ជាំងខ្ពស់ៗ។ កញ្ញា អយុធ្យា ប្រាប់សារព័ត៌មានថ្មីៗ ទាំងទឹកមុខក្រៀមស្រពោនដូច្នេះថា៖ «អ្នកខ្លះគិតថា មនុស្សស្រីពិបាករៀនគំនូរបុរាណ ព្រោះគំនូរ បុរាណ គូរនៅតែតាមវត្តនោះទេ ហើយពិបាកសម្រាប់មនុស្សស្រីឡើងទៅគូស។ ហើយគំនូរបុរាណ មិនសូវមាន ទីផ្សារនោះទេ ប៉ុន្តែខ្ញុំស្រឡាញ់ជំនាញនេះ ហើយជម្នះការងារដែលគេថាលំបាកសម្រាប់ ស្ត្រី»។
«យើងជាស្រី យើងបែកពីផ្ទះ មកឆ្ងាយដើម្បីគូរគំនូរបុរាណម្នាក់ឯង ពេលខ្លះវាពិបាក តែនិយាយទៅខ្ញុំ ខំប្រឹងតស៊ូ»។ នេះជាការរំឭកអារម្មណ៍របស់កញ្ញា អយុធ្យា កាលឈ្លាសពេលទំនេរពីការសិក្សា ទៅគូរ គំនូរនៅខេត្តកំពង់ស្ពឺ រយៈពេល៣ខែម្នាក់ឯង។
ដោយមានលោកឪពុកជាអ្នកលើកទឹកចិត្ត និងជាមនុស្សគំរូ កញ្ញា អយុធ្យា បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំខ្លាចខ្ពស់ណាស់ ប៉ុន្តែថ្ងៃមួយខ្ញុំនឹកឃើញប៉ារបស់ខ្ញុំ។ ប៉ាជាអ្នកខេត្តកំពង់ស្ពឺ ហើយធ្លាប់កម្សត់កម្រ នៅទីនោះ។ អ៊ីចឹង ខ្ញុំបានទៅគូរគំនូរបុរាណនៅសាលាឆទានមួយនៅកំពង់ស្ពឺ ដោយមិនយកប្រាក់ កម្រៃ»។ កញ្ញា អយុធ្យា ខំប្រឹងតាំងពីពេលនោះមក ដើម្បីយកបទពិសោធ ការលាបពណ៌លើជញ្ជាំង និងវិធីសាស្ត្រគូរគំនូរលើជញ្ជាំងជិតកន្លះឆ្នាំ។

ដ្បិតតែកំពុងសិក្សាបរិញ្ញាបត្រជំនាញរចនាក្រាហ្វិច ឆ្នាំមូលដ្ឋាន ក៏ពិតមែន កញ្ញា អយុធ្យា មិនបោះបង់ ជំនាញគំនូរបុរាណនោះទេ ដោយសារតែខ្លួនចូលចិត្ត ផ្នែកគំនូរបុរាណនេះ ហើយលោកឳពុកគាត់ចូលចិត្ត គំនូរបុរាណខ្លាំងទៀតផង។ កញ្ញា អយុធ្យា បានរំឭកអំពីការងារជាជាងគំនូរបុរាណដូច្នេះថា៖ «ខ្ញុំបាន ចេញគូរគំនូរបុរាណនេះ តាំងពីថ្នាក់ទី៩ ជាមួយសិស្សច្បង។ ពេលខ្លះពួកគាត់ នាំទៅគូរនៅតាមវត្តបុទុម កាលពីឆ្នាំ២០១៦»។

ការគូរគំនូរបុរាណ វាពិបាក។ អ្វីដែលពិបាកជាងគេ គឺការកាត់ក្បាច់ហ្នឹង កាត់ធ្វើយ៉ាងដូចម្ដេច ឲ្យឆ្មារ ឲ្យស្អាត អីចឹង។ គូសគំនូរ ត្រូវការភាពស្ងប់ស្ងាត់ អារម្មណ៍មូល ទើបគូរស្អាត»។ នេះជាលើកឡើង របស់កញ្ញា អយុធ្យា។ ការគូរគំនូរបុរាណ ត្រូវការពេលវេលាច្រើនណាស់ និងភាពអត់ធ្មត់ថែមទៀត ដើម្បីគូរគំនូរបុរាណបាន។ ទោះបីជា មានការពិបាកក៏ពិតមែន កញ្ញា អយុធ្យា នៅតែព្យាយាម អស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីរបរគំនូរបុរាណនេះ។

ការងារ ជាវិចិត្រករគំនូរបុរាណមិនមានភាពងាយស្រួលនោះទេសម្រាប់យុវតីវ័យក្មេងរូបនេះ។ ដ្បិតតែ គំនូរនីមួយៗ ត្រូវចំណាយពេលច្រើន និងធ្វើការជាក្រុមថែមទៀត។ កញ្ញា អយុធ្យា បានអះអាងដូច្នេះថា៖ «ការខ្វែងគំនិតគ្នា ការមិនយល់ស្របគ្នាតែងតែមាន។ ប៉ុន្តែគូរគំនូរបុរាណជាក្រុម យើងសម្របសម្រួលគ្នា និងផ្លាស់ប្ដូរគំនិត រួចយកគំនិតរួមមួយដែលល្អ»។ អនាគត កញ្ញា អយុធ្យា គ្រោងនឹងបង្កើតក្រុមការងារ ជាក់លាក់ផ្នែកគំនូរបុរាណមួយ ជាមួយរាមច្បងរបស់កញ្ញា។ ប៉ុន្តែក្រុមការងារនោះ មានតែយុវតីវ័យក្មេង រូបនេះទេ ជាស្ត្រី៕
Comments
Post a Comment