ទោះគេបន្ទោសបង្អាប់ថារៀនគំនូរវិចិត្រកម្មមិនល្អ តែលោក ភារ៉ា មិនបោះបង់ក្ដីស្រមៃពីកុមារ


ភ្នំពេញ៖ លោក ម៉ន ភារ៉ា អតីតនិស្សិតជំនាញបរិញ្ញាបត្រគំនូរវិចិត្រកម្ម នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងជាគ្រូបង្រៀនគំនូរក្រៅម៉ោងនៅរាជធានីភ្នំពេញ។ វិចិត្រករ​រូបនេះ​ ចូល​ចិត្តគំនូរបុរាណតាំងពីកុមារភាពមក ហើយលោកបានបន្តក្ដីស្រមៃ ដោយ​ជ្រើសរើស​ជំនាញ​គំនូរវិចិត្រកម្ម រហូតក្តីប្រាថ្នាក្លាយជា​វិចិត្រករសម្រេចដូចបំណង។
គំនូរមានលក្ខណៈប្រភេទ ដូចជាគំនូរបែបប្រាកដនិយម ទេសភាព បច្ចេកទេស បង្កប់អត្ថន័យ និង​ប្រភេទផ្សេងៗទៀត។ នេះជាការរៀបរាប់របស់លោក ម៉ន ភារ៉ា អ្នកជំនាញ​គំនូរវិចិត្រកម្ម និង​ជាគ្រូបង្រៀនគំនូរ​ផង។ មានវ័យ២៧ឆ្នាំ លោក ភារ៉ា  អះអាងថាលោក​ស្រឡាញ់​គំរូ​តាំង​តែ​ពី​កុមារមកម្ល៉េះ ហើយ​លោក​បាន​ពុះពារ និងបានជម្នះឧបសគ្គជាច្រើនផងដែរ ទម្រាំ​ក្តី​ស្រមៃ​ក្លាយ​ជា​ជាង​គំនូរ​របស់​ខ្លួន​បាន​សម្រេច។


វិចិត្រករ​រូបនេះ បានសារព័ត៌មានថ្មីៗ ២៥ រាជធានី/ខេត្ត នៅបរិវេណ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈថា លោករងការបន្ទោសបង្អាប់ពីមិត្តភក្តិ និងអ្នក​ជិតខាង ដោយសារ​បន្តការ​សិក្សា​​ជំនាញគំនូរវិចិត្រកម្ម។ វិចិត្រករ ម៉ន ភារ៉ា រំឮកថា៖«អ្នកខ្លះ គេបង្អាប់យើងថា​រៀន​ជំ​នាញ​ហ្នឹ​ង​មិន​សូវល្អទេ មិនមានទីផ្សារអីអ៊ីចឹង។ ខ្ញុំមាន​គំនាប​ពី​មិត្ត​ភ័ក្រ និងអ្នកជិតខាង ដែល​គេ​និ​យាយ​ពាក្យមិនសមរម្យ​មកលើខ្ញុំ។​ ពាក្យទាំងអស់​នោះ ធ្វើឲ្យខ្ញុំមាន​អារម្មណ៍​តូចចិត្ត និង​ចង់បោះបង់ក្ដីស្រមៃម្ដងៗផង»។

អ្នកដទៃមិនឲ្យតម្លៃប៉ុណ្ណា ភារ៉ា នឹងខំប្រឹងជម្នះ ខ្លាំងប៉ុណ្ណឹងដែរ​

ការមិនឲ្យតម្លៃលើជំនាញដែលខ្លួនរៀន បាន​ធ្វើ​​ឲ្យ​ ម៉ន ភារ៉ា អាក់អន់ស្រពន់ចិត្តជាងខ្លាំង ក៏ប៉ុន្តែការបន្តុចបង្អាប់ទាំងនោះ បានធ្វើ​ឲ្យ​កូនច្បង ក្នុងចំណោមបងប្អូន៤នាក់ក្នុងគ្រួសារ ​កសិករ​នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវរូបនេះ  ​ កាន់តែប្រឹងប្រែងទ្វេដងដែរ ដោយសារ​តែ​ក្តី​ស្រឡាញ់ចូលចិត្តគំនូររបស់គេ។ ម្យ៉ាងទៀត យុវជវ័យ២៧ឆ្នាំរូបនេះ យល់ថា នៅ​ពេលដែល​រូបគេ​ចេះជំនាញមួយពិតប្រាកដនោះ មិនខ្វះទេការ​ងារដែល​រត់​មក​រក​ខ្លួន។ វិចិត្រករ ភារ៉ា«ខ្ញុំ​ព្យា​យាមជម្នះ ដោយការប្រឹងប្រែងអនុវត្តឲ្យបានច្រើន និងចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​នឹង​គំនូរ។ ខ្ញុំហ្វឹកហាត់ខ្លួនឯង ទាំងគំនូរពណ៌ និងគំនូរខ្មៅដៃ ហើយ​ខ្ញុំ​ព្យាយាម​ស្រាវជ្រាវ​តាម​ប្រព័ន្ធ Youtube រៀនសូត្រពីលោកគ្រូ និងសិស្សច្ប​ង»។

ក្រៅពីជម្នះនឹងពាក្យសម្តីអ្នកដទៃហើយ ឧបសគ្គចម្បងមួយទៀតដែល ភារ៉ា បានឆ្លងកាត់នោះ​គឺ​បញ្ហាហិរញ្ញវត្ថុ។ អ្នកតាកែវរូបនេះ បានរំឭកថា កាលពីនៅជា​និស្សិតលោក​បានធ្វើ​ជាជាង​គំនូរក្រៅម៉ោង ដើម្បី​ទទួល​ប្រាក់កម្រៃខ្លះមកចាយវាយថ្លៃសម្ភារៈសិក្សា និងសម្ភារដែល​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ធ្វើកិច្ចការសាលា។

តាមរយៈការខំប្រឹងប្រែងរៀនផង និងធ្វើការផង បាន​ធ្វើ​ឲ្យសមត្ថភាពគូរគំនូររបស់ ភារ៉ា កាន់​តែ​ល្អ​ទៅៗ ហើយ​ក៏មានអតិថិជនឧស្សាហ៍ទាក់​ទង​ឲ្យ​គូរ​គំនូរឲ្យគេផងដែរ​។ ​«កន្លងមក ខ្ញុំតែង​តែ​​​មានគេ ទាក់ទងច្រើន ដោយសារយើងបានធ្វើការងារច្រើន (គំនូរ) និង​បានបង្ហាញស្នាដៃ តាម​​រយៈ​ការគូរគំនូរឲ្យភ្ញៀវ ហើយគេចាប់អារម្មណ៍ ទើបចេះតែមាន​បណ្ដាញ​ផ្សេងៗ​គេ​ទាក់​ទង​មក​ច្រើន»។   នេះជាការបញ្ជាក់របស់វិចិត្រករម៉ន ភារ៉ា។

មានជំនាញគំនូរវិចិត្រកម្ម មិនមែនចេះតែគូរគំនូរទេ តែអ្នកចេះគំនូរវិចិត្រកម្ម អាច​ធ្វើ​ការ​ងារ​បាន​ច្រើន។ បើតាម លោក ម៉ន ភារ៉ា ​ ​ដែលមានជំនាញនេះ អាច​ធ្វើជា​អ្នករចនា(Designer) អ្នកតុបតែងលម្អ (Decorator) និងខាងស្ថាបត្យកម្ម (Architecture) ជាដើម។

​ទៅថ្ងៃអនាគត វិចិត្រករវ័យ២៧ឆ្នាំរូបនេះ ​មានបំណងបើកមជ្ឈមណ្ឌលពិព័រណ៌ ដើម្បី​ដាក់​តាំង​រូបថត គំនូរ និង​ចម្លាក់​ ដែល​ជាវប្បធម៌ខ្មែរ និងដើម្បីបង្ហាញ​វប្បធម៌ខ្មែរ ទៅ​កាន់​ពិភព​លោក​។ ទន្ទឹមនឹងនេះ ​វាក៏ជាឱកាសសម្រាប់​​វិចិត្រករ​ខ្មែរដែល​ស្នាដៃល្អៗ អាច​ប្រ​កួត​​ប្រ​ជែង​ជា​មួយ​​បរទេស បានក្នុង​ផ្នែកគំនូរនេះ។  ក្រៅពីនេះ លោក ក៏ចង់បន្តធ្វើជាគ្រូបង្រៀន​គំនូរ​ស្ម័គ្រ​ចិត្ត​ផ្នែក​គំនូរ នៅតាម​សាលា​ផងដែរ៕

Comments