បើឆ្លងកាត់ខេត្តកំពង់ស្ពឺ កុំភ្លេចចូលមើលសម្រស់«ដើមរាំងភ្នំ»ក្នុងវត្តអង្គលំទង


កំពង់ស្ពឺ៖ «ដើមរាំងភ្នំ» មួយដើមធំខ្ពស់ស្រឡះបែកមែកត្រឈឹងត្រឈៃ និងចេញផ្កាយ៉ាងស្រស់បំព្រង ស្ថិតនៅក្នុងបរិវេណវត្តអង្គលំទង បានផ្តល់ជាម្លប់សម្រាប់ប្រារព្ធពិធីបុណ្យ និងលេងល្បែងប្រជាប្រិយផ្សេងៗ។ ដើមរាំងភ្នំ នៅវត្តអង្គលំទង ដែលស្ថិតនៅក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ មានខ្លឹមជាប់ធន់បានយូរ គេប្រើសម្រាប់ធ្វើផ្ទះ និងគ្រឿងសង្ហារិម។ ផ្ការបស់វាយកធ្វើជាថ្នាំរក្សាគភ៌សម្រាប់ស្រ្តីមានផ្ទៃពោះ រីឯ ស្លឹកខ្ចី ឬត្រួយ ប្រើជាអន្លក់ និងរបោយផងដែរ។

ដើមរាំងភ្នំ ជាប្រភេទឈើធំដុះក្នុងព្រៃ ឬព្រៃទួលធំៗ ប៉ុន្តែ ដើមរាំងភ្នំដ៏ធំមួយដើម នៅក្នុងវត្តអង្គលំទងនេះ ត្រូវបានចៅអធិការវត្តអង្គលំទង ព្រះនាម អូត ជា មានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗថា ដើមរាំងភ្នំនៅក្នុងវត្តនេះ មានអាយុប្រមាណ៧០ឆ្នាំ ហើយចៅអធិការមុនៗ ជាអ្នកដាំដោយផ្ទាល់។ បើទោះបីជា មានឈ្មួញជាច្រើនចង់ទិញ «ខ្លឹមរាំង» នេះ ក៏ព្រះចៅអធិការវត្តអង្គលំទង មិនលក់ដែរ ដោយព្រះសង្ឃ អូត ជា បញ្ជាក់ថា អភិរក្សទុកជាទ្រព្យសម្បត្តិរបស់វត្ត និងដើម្បីឲ្យក្មេង ជំនាន់ក្រោយបានស្គាល់៕


សូមទស្សនាវីដេអូ លើសារព័ត៌មាន ThmeyThmey.com 

Comments